កាលពីថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៣ ក្នុងទិវាសិទ្ធនារីអន្តរជាតិ គេឃើញកម្មវិធីគួរឱ្យចាប់អារម្មណ៍មួយ គឺការបីស្រ្តីបានយូរជាងគេបំផុត បីដោយសេចក្ដីពេញចិត្ត បីដោយសេចក្ដីស្រឡាញ់ពេញបេះដូង នៅមុខសាលមហោស្រពកោះពេជ្រ បានធ្វើ
ឱ្យមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍ចំពោះបុរសម្នាក់ ដែលបានបីម្ដាយរបស់ខ្លួន ខណៈដែលមនុស្សភាគច្រើនបីភរិយា។ យ៉ាងណាមិញ កម្មវិធីនេះបានរកឃើញអ្នកឈ្នះរង្វាន់រួចរាល់ហើយ ដោយជ័យជម្នះបានទៅលើបេក្ខភាព ២ គូចុងក្រោយ
ដែលនៅក្រោយគេរហូតដល់រយៈពេល ៨ ម៉ោង ប៉ុន្តែក្រោយពីចប់ការប្រកួត មហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនក៏បានផ្ទុះការចាប់អារម្មណ៍ និង កោតសរសើរចំពោះបុរសម្នាក់ ដែលលោកបានជ្រើសរើសបីអ្នកម្ដាយ ខុសពីអ្នកដទៃ ធ្វើ
ឱ្យមហាជនជាច្រើនលើកឡើងថា «ទោះបីមិនឈ្នះរង្វាន់ ប៉ុន្តែគាត់បានឈ្នះចិត្តមហាជន និង ធ្វើឱ្យមនុស្សជាច្រើនមានការគោរពស្រឡាញ់»។លើសពីនេះទៅទៀត អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនក៏បានចូលទៅបញ្ចេញមតិ
កោតសរសើរចំពោះទឹកចិត្តរបស់កូនប្រុស ដែលបានកំដរម្ដាយដើរលេងកម្សាន្តក្នុងទិវាសិទ្ធិនារីអន្តរជាតិ ខណៈដែលអ្នកខ្លះទៀតបានលើកសរសើរពីរបៀបបង្ហាញក្ដីស្រឡាញ់ចំពោះម្ដាយរបស់ខ្លួន៕