កាលពីវេលាម៉ោង ១០ និង ១០នាទីយប់ ស្ថិតនៅក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានករណីផ្អើលឆោឡោពេញរោងការមួយកន្លែង បន្ទាប់ពីសាច់ខាងកូនក្រមុំយកកែវគ.ប់ទៅលើក្រុមតន្រ្តីសម័យ ដោយសារតែខឹងមេការក្រុមតន្ត្រីមិនបានធ្វើតាមសំណើររបស់ខ្លួន ចាក់បទចម្រៀងញាក់ Remix។
ប្រភពព័ត៌មានពីភ្ញៀវបានឱ្យដឹងថា នៅយប់មុនពេលកើតហេតុ គេសង្កេតឃើញភ្ញៀវប្រុសស្រីក្មេងចាស់ជាច្រើននាក់ បាននាំគ្នាទៅចូលរួមហូបអាហារក្នុងពិធីអាពាហ៍ពិពាហ៍របស់កូនក្រមុំមួយកន្លែងដែលឪពុកមាន ឈ្មោះ ម៉ុន ប្រពន្ធឈ្មោះ ចែថា។
លុះនាំគ្នាហូបតាំងពីល្ងាច រហូតដល់វេលាម៉ោង០៩យប់ ស្រាប់តែបងប្រុសបង្កើតរបស់កូនក្រមុំទៅនិយាយជាមួយមេការក្រុមតន្ត្រី សុំឱ្យឈប់លេងភ្លេងផ្ទាល់ដៃ និងឈប់ច្រៀង ព្រោះរូបគេចង់ប្តូរមកចាក់បទចម្រៀងរីមិច (Remix) ញាក់កន្ត្រាក់អារម្មណ៍រាំលេងសប្បាយជាមួយមិត្តភក្តិវិញ លុះមេការមិនយល់ព្រម ដោយឱ្យក្រុមលេងភ្លេង និងអ្នកចម្រៀងបន្តរហូតដល់ម៉ោង១០យប់ ទើបបងប្រុសកូនក្រមុំទាញកែវស្រា កំពុងផឹកគ-ប់ទៅលើអ្នកចម្រៀង បណ្តាលឱ្យរត់គេចពេញឆាក។
តែសំណាងល្អ កែវស្រាមិនត្រូវនរណាម្នាក់ បណ្តាលឱ្យរងរបួសនោះទេ។ បើតាមការរៀបរាប់ពីលោក ម៉ៃ ជាមេការតន្ត្រីខាងលើ បានរៀបរាប់ឱ្យដឹងថា ពេលឃើញភ្ញៀវកំពុងតែហូបអាហារ ក្រុមតន្ត្រីរបស់លោកបន្តច្រៀងបទរាំវង់ និងបទញាក់ខ្លះៗ ដើម្បីបង្កភាពសប្បាយរីករាយ។
ស្រាប់តែបងប្រុសរបស់កូនក្រមុំ មកនិយាយនឹងខ្លួនថា រូបគេបានជួលអ្នកចាក់បទចម្រៀងរីមិច (Remix) អស់ ៥០ដុល្លារ ដើម្បីយកមកចាក់រាំសប្បាយនៅក្នុងរោងការនេះដែរ មុននឹងភ្ញៀវហូបអាហាររួចត្រឡប់ទៅផ្ទះ។
លោកបន្តទៀតថា បើចាក់បទបែបនោះ នឹងគ្មានភ្ញៀវចាស់ៗណានៅបន្តរាំលេងបានទេ ព្រោះជាបទសម្រាប់ក្រុមក្មេងស្ទាវប៉ុណ្ណោះ ទើបខាងលោកមិនអនុញ្ញាត ក៏បង្កទៅជាបញ្ហាគប់កែវទៅលើឆាកតែម្ដង។
បើសិនជាគ-ប់ត្រូវចំអ្នកចម្រៀង ឬអ្នកភ្លេង លោកនឹងមិនឱ្យរួចខ្លួននោះឡើយ។ តែក្រោយមកក៏មានការសម្របសម្រួលពីនគរបាលនៃអធិការក្រុងប៉ៃលិន ទើបខាងលោកឱ្យក្រុមតន្ត្រីបន្តច្រៀងកំដរភ្ញៀវរហូតដល់ម៉ោង ១២យប់ រួចបិទផ្អាកតែម្តង៕