សង្គម៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ អ្នកលេងបណ្ដាញសង្គម មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយកុមារី ណាណា បានលើកជាសំណួរទៅកាន់ក្រសួងពាក់ព័ន្ធឲ្យជួយបកស្រាយពាក្យ«ខ្មែរធ្វើបាន» នៅក្រុង
ព្រះសីហនុ ជាការសរសរបាលី ឬជាកំហុសបច្ចេកទេស។ កុមារី ណាណា ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «អូនណាណា Oun Nana» បានលើកឡើងដូច្នេះថា «ជាដំបូង អូនសូមគោរពជម្រាបសួរ និងសូមគោរពជម្រាបដល់
សម្តេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី និងអ៊ំពូមីងខាងក្រសួងដែលពាក់ព័ន្ធ ជាទីគោរព។ កាលពីថ្ងៃទី07 និង ទី08 ខែមីនា ឆ្នាំ2023 កន្លងទៅនេះ រូបអូនផ្ទាល់ បានធ្វើដំណើរទៅលេង ក្រុងព្រះសីហនុ រួចក៏បានប្រទះឃើញគេសរសេរពាក្យស្លោកថា
«ខ្មែរធ្វើបាន» តែបែរជាឃើញស្រះ «ែ» បញ្ច្រាស។ រូបអូនក៏ដូចជាអ្នកគាំទ្រក្នុងផេករបស់អូនជាច្រើន ពិតជាចង់សុំការជួយណែរនាំពន្យល់ពីខាងក្រសួងដែលពាក់ព័ន្ធ ថាតើនេះជាអក្សរបាលីឬក៏មកពីបញ្ហាខុសបច្ចេកទេស? អាស្រ័យដូចបានរៀបរាប់ខាងលើនេះ សូម
សម្តេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី និងអ៊ំពូមីងខាងក្រសួងដែលពាក់ព័ន្ធ មេត្តាជួយណែរនាំដល់អូន និងសូមខន្តីអភ័យទោសនូវរាល់កំហុសឆ្គងដោយអចេតនារបស់អូនដោយអនុគ្រោះផង។ បន្ថែមលើនេះ
អូនណាណា បានបញ្ជាក់ក្នុងខំមិនថា «ហើយបើអូនសួរទៅមានកំហុសឆ្គងត្រង់ចំណុចណាមួយនោះ សូមយាយតាអ៊ំពូមីងបងប្អូន មេត្តាអភ័យទោសឲ្យអូនផង អូនក៏សូមអរគុណយាយតាអ៊ំពូមីងបងប្អូន ដែលតែងតែស្រលាញ់និងសរសើរលើកទឹកចិត្តអូន»។ អ្វីកាន់តែចាប់អារម្មណ៍ទៀតនោះ
អូនណាណា បានសរសេរក្នុងខំមិនពាក់ព័ន្ធនឹងការនិយាយពាក្យ«កែវ»ថា « សូមចូលរួមជួយថែរក្សា និងលើកស្ទួយអក្សរសាស្រ្តជាតិខ្មែររបស់យើងទាំងអស់គ្នាណា យាយតាអ៊ំពូមីងបងប្អូន#តោះ សូមនិយាយពាក្យ «កែវ» ឲ្យបានច្បាស់ បើមិនចង់ខ្មាសក្មេង»៕