ទង្វើរើសអើងធ្វើបាប គឺតែងតែជាបញ្ហាចម្បងមួយកើតមានឡើងជាញឹកញាប់នៅតាមសាលារៀននានាស្ទើរពាសពេញពិភពលោក។ ជាក់ស្ដែងថ្មីៗនេះ វីដេអូមួយដែលបានបង្ហោះលើបណ្ដាញសង្គម WeiBo កំពុងផ្ទុះការចាប់អារម្មណ៍អាណិតអាសូរជាខ្លាំង
ក្រោយវីដេអូនោះបង្ហាញឱ្យឃើញពីលោកយាយម្នាក់មកពីខេត្ត Henan ប្រទេសចិន បានធ្វើការលុតជង្គង់នៅទីសាធារណៈពីមុខក្រុមក្មេងស្ទាវមួយក្រុម។ តាមរយៈវីដេអូនោះដែរ លោកយាយដ៏កម្សត់រូបនោះ គឺបានលុតជង្គង់ធ្វើការអង្វរករដល់ក្មេងៗទំនើងទាំងនោះ ឱ្យឈប់ធ្វើបាបចៅប្រុសរបស់គាត់តទៅទៀត។
តាមសម្ដីរបស់សាក្សីម្នាក់បានឱ្យដឹងថា ៖ «ចៅប្រុសរបស់លោកយាយចំណាស់រូបនោះ គឺទើបតែចាប់ផ្ដើមរៀនថ្នាក់អនុវិទ្យាល័យទេ ប៉ុន្តែរូបគេបែរជាត្រូវក្រុមក្មេងស្ទាវមួយក្រុមអាយុខ្ទង់ ១៦ ឆ្នាំ បានធ្វើបាបវាយដំលើរូបគេ រហូតខ្លាចលែងហ៊ានទៅរៀនតទៅទៀត។
ក្រោយយាយរបស់គេដឹងរឿងគ្រប់យ៉ាងមក ដើម្បីចៅអាចចូលរៀនបានវិញ គាត់ស៊ូកាត់ខ្មាសទៅលុតជង្គង់សុំក្មេងៗទាំងនោះឱ្យឈប់ធ្វើបាបចៅគាត់ទៀត»។
វីដេអូមួយនេះដែរ គឺបណ្ដាលឱ្យមហាជនជាច្រើននាំគ្នាខឹងសម្បារចំពោះអត្តចរិតក្មេងស្ទាវទាំងនោះជាខ្លាំង រហូតទទួលការចែកចាយបញ្ចេញមតិព្រោងព្រាតពាសពេញបណ្ដាញសង្គម។
ក្រោយផ្ទុះរឿងរ៉ាវពាសពេញបណ្ដាញសង្គមនានា ខាងក្រសួងអប់រំ ក៏បានទទួលរបាយការណ៍ជុំវិញបញ្ហានេះ និង កំពុងធ្វើការស៊ើបអង្កេតលើរឿងមួយនេះផងដែរ ខណៈខាងប៉ូលិសវិញ ក៏បានចូលលូកដៃផងដែរ ជុំវិញបញ្ហាកើតមានឡើងចំពោះសិស្សសាលាក្នុងតំបន់របស់ពួកគេ៕