សង្គម៖ មហាជនប្រាកដជាដឹងរួចមកហើយនូវស្ត្រីដែលពេទ្យឯកជនកាយយកសពទារកក្នុងផ្ទៃដោយទាំងពោះវៀនកាលពីជិត ៥ខែមុន បានផុតដង្ហើមហើយនាវេលាម៉ោងប្រមាណ១២ រំលងអធ្រាត្រ ថ្ងៃទី១៦ មិនា ឆ្នាំ២០២៣ បន្ទាប់ពីគ្រូពេទ្យកាល់ម៉ែតបានបញ្ជូនគាត់តាម
រថយន្ដគិលានសង្គ្រោះទៅដល់ផ្ទះម្ដាយក្មេករបស់គាត់ ស្ថិតនៅភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។ គ្រួសាររបស់ស្ត្រីរងគ្រោះមានក្ដីស្រណោះអាឡោះអាល័យពន់ពេក នៅពេលបានឮសម្ដីស្ត្រីរងគ្រោះបានផ្ដាំផ្ញើជាចុងក្រោយថា
«សូមឲ្យស្វាមីមើលថែកូនឲ្យបានល្អ ខ្ញុំចង់រស់ណាស់ តែធ្វើម៉េចវាសនារបស់ខ្ញុំបានត្រឹមហ្នឹង តែកុំភ្លេចឲ្យគេរកយុត្តិធម៌ឲ្យខ្ញុំផង ទោះបីជាខ្ញុំស្លាប់ហើយទៅក៏ដោយ»។ លោកសាស្ត្រាចារ្យ ឡឹម តារា អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា ប៉ុន្មានថ្ងៃចុងក្រោយនេះ គាត់មានស្ថានភាពធ្ងន់ធ្ងរខ្លាំងណាស់ ដោយយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ គាត់បាន
ធ្វើទុក្ខក្នុងខ្លួនខ្លាំងមែនទែន ដែលក្រុមគ្រូពេទ្យយើង ក៏បានដាក់ទុយោសប់ដង្ហើមគាត់ដែរ តែហាក់គ្មានសង្ឃឹមសោះ ទើបក្រុមគ្រួសារគាត់ក៏សូមគ្រូពេទ្យយើងយកគាត់ទៅផ្ទះទាំងយប់។ ដូច្នេះក្រុមគ្រូពេទ្យក៏បានរួមដំណើរជាមួយអ្នកជំងឺដឹកបញ្ជូន គាត់ទៅផ្ទះតាមការស្នើសុំ។ ពេលដល់ផ្ទះ រៀបចំកន្លែងគាត់សម្រាកហើយ មួយសន្ទុះក្រោយមក គាត់ក៏បាន
ផុតដង្ហើមតែម្ដង សែនអាសូរគាត់ណាស់ តែក្រុមគ្រូពេទ្យយើងបានប្រឹងប្រែងអស់ពីលទ្ធភាពបច្ចេកទេសហើយ។ ប្រភពខាងលើបន្ថែមថា«អ្វីដែលឈានមកដល់ថ្ងៃនេះ ដូចអ្វីដែលមន្ទីរពេទ្យយើងបានបញ្ជាក់កន្លងមកចឹង ខណៈយើងបានស្គាល់ច្បាស់ពីស្ថានភាពពីកត្ដាប្រឈម និងកត្ដាគ្រោះថ្នាក់របស់គាត់ តែទោះ
ជាគ្មានសង្ឃឹមរស់តាំងពីលើកដំបូងមែន តែក្រុមគ្រូពេទ្យយើងនៅតែខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងលទ្ធភាពបច្ចេកទេស ទោះរស់បានរយៈពេលខ្លីក៏ប្រឹងប្រែងដែរ។ ឥលូវថ្ងៃនេះក៏បានមកដល់ ដូចអ្វីជាការវាយតម្លៃទុក ទោះបីជាវិទ្យាសាស្ដ្រជឿនលឿនយ៉ាងណា ព្រោះកន្លងមកអ្នកជំងឺក៏បានទៅទទួលការព្យាបាលនៅប្រទេសវៀតណាម និងថៃ»។ សូមរម្លឹកថា កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ ខាងមន្ទីរពេទ្យដដែលក៏បាន
បញ្ជាក់ពីស្ថានភាពរបស់ស្ដ្រីរងគ្រោះខាងលើនេះ ពីវិវឌ្ឍន៍ទៅកាន់តែធ្ងន់ធ្ងរ រហូតត្រូវដាក់បន្ទប់សង្គ្រោះបន្ទាន់ និងបានបង្ហាញពីកត្ដាប្រឈមដែលកើតមានកន្លងមកគឺ៖ ការលេចធ្លាយទឹកប្រម៉ាត់ ទឹកលំពែង ហូរចូលទៅក្នុងពោះ និងហូរចេញក្រៅវិញតាមទុយោបង្ហូរ។ ដុំឈាមកកក្នុងសសៃឈាម។ មិនអាចហូបអាហារតាមមាត់បានទេ គឺត្រូវឱ្
យអាហារ(វេជ្ជសាស្ដ្រ)តាមសសៃឈាមទាំងស្រុង សូមជម្រាបថា កម្មការិនី ឈ្មោះ សឿន ស្រីអូន អាយុ ២២ឆ្នាំ បានរំលូតគភ៌ស្លាប់ក្នុងផ្ទៃ មានស្រុកកំណើតភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចូលមកសម្រាកនៅគ្លីនិកដើមអង្គ្រងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរោគវិនិច្ឆ័យមានកូនស្លាប់ក្នុងស្បូនអាយុ ១៨សប្តាហ៍។ ក្រុមគ្រូពេទ្យរបស់គ្លីនិកបានធ្វើការ
ព្យាបាលដោយ រំលូតយកកូនដែលស្លាប់ក្នុងផ្ទៃចេញ និងបន្តសម្រាកនៅគ្លីនិក រយៈពេលមួយយប់ ហើយបានចេញពីគ្លីនិកដើមអង្គ្រងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ លុះនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ត្រីអ្នកជំងឺបានមកគ្លីនិកដដែលម្ដងទៀត ដោយរោគសញ្ញាឈឺពោះខ្លាំងនៅផ្នែក
ខាងក្រោម បន្ទាប់មកគ្រូពេទ្យក៏បានធ្វើការសម្អាតស្បូនឡើងវិញ តែដោយអាការៈធ្ងន់ធ្ងរ គ្លីនិកក៏បានបញ្ជូនស្ត្រីអ្នកជំងឺទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ និងបញ្ជូនទៅព្យាបាលនៅប្រទេសថៃ ហើយគ្រូពេទ្យថៃបានដាក់ភ្ជាប់ជាមួយកំណាត់ពោះវៀននៅទីនោះ តែវាមិនស៊ីសង្វាក់គ្នាជាមួយអ្នកជំងឺ ក៏គ្រូពេទ្យសម្រេចបញ្ជូនមកខ្មែរវិញតែម្ដង៕