ស្រ្តីគ្រូទាយកំពូលបោកម្នាក់ ដែលធ្លាប់បានបោកប្រជាពលរដ្ឋជាច្រើននាក់ នាពេលកន្លងទៅ ទាំងនគរបាល និងអាវុធហត្ថផងដែរនោះ ឥឡូវនេះបានអស់លក្ខណ៍ ក្រោយពីមានអ្នកជិតខាងទូរស័ព្ទមកសមត្ថកិច្ចទាន់ រួចហើយចុះទៅជួយអន្តរាគមន៍ ដោយធ្វើការឃាត់ខ្លួនស្រ្តីរូបនេះតែម្តង ស្ថិតនៅភូមិប៉ប្រកខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ខណៈដែលស្រ្តីគ្រូទាយរូបនេះ កំពុងបោកប្រជាពលរដ្ឋមួយគ្រួសារ។
អធិការនគបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា មានម្ដាយ និងកូនពីរនាក់ ដោយម្តាយឈ្មោះ រិតទូច អាយុ ៥២ឆ្នាំ មុខរបរលក់បាយ និងកូនស្រីឈ្មោះ សុខ ចាន់ណា អាយុជាង ៣០ឆ្នាំ មុខរបរលក់បាយ បានទៅរកគ្រូទាយឈ្មោះ កាំងបៀង ភេទស្រី អាយុ ៣៥ឆ្នាំរស់នៅភូមិប៉ប្រកខាងត្បូង ដោយឲ្យគ្រូទាយ អំពីការងាររកស៊ី និងកាលក់ផ្ទះនិងដី។
ស្រាប់តែពេលទៅជួបជនសង្ស័យ ក៏គ្រូទាយបោករូបនេះបានប្រាប់ថា មិនបាច់លក់ផ្ទះទេពីព្រោះផ្ទះនោះមានកំណប់។ បន្ទាប់មក ឪពុករបស់ជនរងគ្រោះ ឈ្មោះ កែវ ចន អាយុ ៧០ឆ្នាំ ក៏បានជីករកកំណប់ខាងក្រោយផ្ទះដោយគ្រូទាយតំរូវឲ្យដាក់លុយតម្កល់ចំនួន ៧ ០០០ដុល្លារ ដោយតាមអាយុឪពុក។
ប៉ុន្តែជនរងគ្រោះជីករកពុំឃើញ លុះនៅថ្ងៃបន្ទាប់ គ្រូទាយតំរូវឲ្យអ្នកទាំងបីនាក់បូកអាយុទាំងបីនាក់ គឺបន្ថែមលុយចំនួន ៩ ០០០ដុល្លារទៀត គ្រូទាយបានឲ្យជនរងគ្រោះបន្តជីករកកំណប់នៅម៉ោង៨ព្រឹក នៅថ្ងៃបន្ទាប់ទៀត។
ពេលជីកគ្រូទាយក៏មក ពេលនោះជនគ្រោះក៏បានឃើញរូបចម្លាក់ត្រីរ៉ស់ចំនួនពីរ ហើយគ្រូទាយបានឲ្យជនរងគ្រោះយករូបចំលាក់ត្រីដាក់ត្រាំទឹកអាស៊ីត ប៉ុន្តែពេលកំពុងត្រាំត្រីក្នុងទឹកអាស៊ីត ឈ្មោះសន កែវ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរបុគ្គលិកធនាគារក៏មកដល់ឃើញបែបនេះយល់ថា ក្រុមគ្រួសារចាញ់បោកគ្រូទាយ ក៏បានប្តឹងមកសមត្ថកិច្ចជួយអន្តរាគមន៍ ចុះទៅឃាត់ខ្លួនជនសង្ស័យរូបនេះតែម្តង។
បច្ចុប្បន្នជនសង្ស័យរូបនេះដែលធ្លាប់បោកប្រាស់គេរាប់មិនអស់នោះ ស្ថិតក្រោមការសាកសួរនៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕